fbpx

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំធ្វើសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី ៤៦ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលបានរៀបចំនៅទីក្រុងញូដេលី សាធារណរដ្ឋឥណ្ឌា កាលពីថ្ងៃទី២១ ដល់៣១ ខែកក្កដា ឆ្នាំ២០២៤

អត្ថបទដោយ រាជ មេសា
71 views

នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានរៀបចំសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី៤៦ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុង ញូដេលី សាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដែលក្នុងឱកាសនោះ គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក អាជ្ញាធរជាតិព្រះវិហារ និងគណៈកម្មាធិការជាតិយូណេស្កូកម្ពុជា។

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា តំណាងលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក គឺជាយន្តការដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីពិនិត្យតាមដានការអនុវត្តការងារអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានបេតិកភណ្ឌរបស់ប្រទេសសមាជិក និងដើម្បីធ្វើការពិនិត្យវាយតម្លៃលើសំណើរបស់ប្រទេសនានាដែលបានស្នើសុំចុះបញ្ជីបេតិកភណ្ឌពិភពលោកថ្មីៗផងដែរ។ យោងតាមសេចក្តីសម្រេចនៃកិច្ចប្រជុំនៅទីក្រុងញូដេលី ប្រទេសកម្ពុជា បានគោរពអនុវត្តត្រឹមត្រូវតាមបទដ្ឋានគតិយុត្តនានាជាអន្តរជាតិ និងអនុវត្តតាមលក្ខខណ្ឌតម្រូវនានារបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកផងដែរ។ នៅក្នុងកិច្ចប្រជុំនោះ លោកជំទាវ Audrey Azoulay អគ្គនាយិកាអង្គការយូណេស្កូ បានលើកឡើងថា យន្តការអនុវត្តរបស់គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ គឺជាយន្តការគំរូមួយសម្រាប់កិច្ចអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដែលមកដល់ពេលនេះ យន្តការ ICC Angkor មានអាយុកាល ៣០ឆ្នាំ និងបានបន្តរយៈពេល ១០ឆ្នាំទៅមុខទៀត។

សូមបញ្ជាក់ជូនថា តំបន់រមណីយដ្ឋានអង្គរ គឺជាបេតិកភណ្ឌពិភពលោកដែលផ្ទៃក្រឡាធំជាងគេ និងមានប្រជាជនរស់នៅច្រើនជាងគេ និងបានប្រសិទ្ធនាមថា ជាតំបន់បេតិកភណ្ឌមានជីវិត ព្រោះមានការរស់នៅប្រជាពលរដ្ឋ និងបានថែរក្សាជំនឿ ប្រពៃណី ទំនៀមទំលាប់របស់ពួកគេជាមួយនឹងប្រាសាទ។

អត្ថបទពាក់ព័ន្ធ