fbpx

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់៖ សមយុទ្ធកងទ័ពជើងទឹកកម្ពុជា និងចិនមិនមានការគំរាមកំហែងដល់ប្រទេសណាឡើយ

អត្ថបទដោយ ពិទូ
131 views

ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអះអាងថា សមយុទ្ធកងទ័ពជើងទឹករវាងកម្ពុជា និងចិននាពេលនេះមិនមែនជាការគំរាមកំហែងដល់ប្រទេសណានោះឡើយដែលការធ្វើនេះគឺដើម្បីជាការផ្លាស់ប្តូរបទពិសោធន៍ពីរគ្នាទៅវិញទៅមក ក្នុងគោលបំណងបង្កើនសមត្ថភាពកងទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសគឺការប្រយុទ្ធប្រឆាំងភេរវកម្មតាមលំហរសមុទ្រ។

ការលើកឡើងរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់នេះ គឺបានធ្វើឡើង ក្នុងពិធីបិទសមយុទ្ធជើងទឹក «នាគមាស-ឆ្នាំ២០២៤» ក្រោយធ្វើសមយុទ្ធរួមគ្នានៅលើលំហរសមុទ្រកម្ពុជារវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹករបស់ចិន អស់រយៈពេល១២ថ្ងៃ ក្រោមប្រធានបទ«ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករដែលចាប់ជំរឹតនាវាដឹកទំនិញ» នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា«សមយុទ្ធជើងទឹកនាគមាសឆ្នាំ២០២៤នេះ ធ្វើឡើងក្នុងគោលបំណងពង្រីកការទំនាក់ទំនងគ្នា ការពង្រឹងសមត្ថភាពយោធា និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ហើយសមយុទ្ធជើងទឹកនាគមាសឆ្នាំ២០២៤នេះ ដែរមិនមានការគំរាមកំហែងដល់ប្រទេសណាឡើយ»។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានផ្តល់ការណែនាំមួយចំនួនដល់នាវឹកកម្ពុជា-ចិន ដែលជាសិក្ខាកាមត្រូវបន្តយកចិត្តទុកដាក់សហការគ្នាលើគ្រប់វិស័យ និងផ្លាស់ប្តូរបទ​ពិសោធន៍​ពីរគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពជំនាញជាពិសេស​បច្ចេកវិទ្យាយោធា​ដែលមានការវិវត្តយ៉ាងលឿននាពេលបច្ចុប្បន្ននេះ។ ត្រូវប្រជុំផ្លាស់ប្តូរបទពិសោធន៍​ក្នុងការធ្វើ​សមយុទ្ធជើងទឹកនាគមាសឆ្នាំ២០២៤លើកទី១នេះ ដើម្បីដកពិសោធន៍ និងដាក់ចេញទិសដៅបន្តទៀត។ និងមួយវិញទៀតត្រូវបន្តលើកកម្ពស់សាមគ្គីភាពមិត្តភាព និងសហប្រតិបត្តិការតាមយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងកងទ័ពទាំងពីរដែលបានដាក់ចេញ ដើម្បីកសាងសហការតែមួយ និងជោគវាសនាតែមួយ។

នៅក្នុងឱកាសបិទសមយុទ្ធជើងទឹកនាគមាសឆ្នាំ២០២៤ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានលើកឡើងផងដែរថា ក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងគណៈកម្មការដឹកនាំសមយុទ្ធ និងលំហាត់របស់កងយោធពលខេមរភូមិន្ទ សូមកោតសរសើរ​ចំពោះកងទ័ពទាំងពីរ ដែលចូលរួមធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៤ និងក្រុមការងារដឹកនាំ​សមយុទ្ធរបស់កងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន ដែលបានខិតខំរៀបចំនិងដឹកនាំសមយុទ្ធកងទ័ព​ជើងទឹកនៃប្រទេសទាំងពីររហូតទទួលបានជោគជ័យតាមផែនការ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណនិងកោតសរសើរចំពោះបញ្ជាការដ្ឋានកងទ័ពជើងទឹក បញ្ជាការដ្ឋានការពារកោះឆ្នេរ មូលដ្ឋានសមុទ្ររាម និងនាយនាវី នាយនាវីរង និងពលនាវិកទាំងអស់ ដែលបានខិតខំអនុវត្តតាមតួនាទីភារកិច្ចក្នុងពេលសមយុទ្ធនាគមាសឆ្នាំ២០២៤នេះ ដែលធ្វើឲ្យ​សមយុទ្ធជើងទឹកនាគមាសឆ្នាំ២០២៤លើកទី១ ទទួលបានជោគជ័យ និងធានាបានសុវត្តិភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តព្រះសីហនុ អាជ្ញាធរ​ផែនដីគ្រប់ លំដាប់ថ្នាក់ និងសមត្ថកិច្ចទាំងអស់ដែលបានសហការ និងបង្កលក្ខណៈគ្រប់​បែបយ៉ាង​ដែលធ្វើឱ្យសមយុទ្ធ នាគមាសឆ្នាំ២០២៤ សម្រេចបានជោគជ័យតាមកម្មវិធីផងដែរ។

អត្ថបទពាក់ព័ន្ធ