fbpx

ពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនសម្បទានិកចំនួន ១២០នាក់ ដែលជាកងទ័ព និងនគរបាលជាតិឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាម និងអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ រស់នៅខេត្តស្វាយរៀង

អត្ថបទដោយ រាជ មេសា
122 views

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនសម្បទានិកចំនួន ១២០នាក់ ដែលជាកងទ័ព និងនគរបាលជាតិឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាម និងអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ រស់នៅខេត្តស្វាយរៀង ក្រោមអធិបតីភាព សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំង ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន យ៉ាងច្រើនកុះករ។

បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូអមដំណើរ បានអញ្ជើញពិនិត្យការដ្ឋានស្ថាបនាផ្លូវ ២ខ្សែ ដូចខាងក្រោម៖

–  ខ្សែទី១៖ មានប្រវែងសរុប ១២, ៤គីឡូម៉ែត្រ ក្នុងនោះ ផ្លូវក្រាលបេតុងប្រវែង ៤២៥ម៉ែត្រ  ទទឹង ៧ម៉ែត្រ និងកៅស៊ូពីរជាន់ (DBST) មានប្រវែង ១២គីឡូម៉ែត្រ ទទឹងក្រាលកៅស៊ូពីរជាន់ប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលកៅស៊ូមួយជាន់ម្ខាងៗ ១ម៉ែត្រ មានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីចំណុចភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទិ៍ ទៅដល់ភូមិព្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។ ផ្លូវនេះ មានរយៈពេលសាងសង់ចំនួន ១២ខែ ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ សម្រេចលទ្ធផលបាន ១០,៨២% ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) គាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម ធនាគារវិនិយោគអឺរ៉ុប និងមូលនិធិវិនិយោគអាស៊ី នៃសហភាពអឺរ៉ុប។ 

–  ខ្សែទី២៖ មានប្រវែងសរុប ១៣,៣គីឡូម៉ែត្រ ក្នុងនោះ ផ្លូវក្រាលបេតុងប្រវែង ៥៥០ម៉ែត្រ  ទទឹង ៧ម៉ែត្រ និងកៅស៊ូពីរជាន់ (DBST) មានប្រវែង ១២,៣គីឡូម៉ែត្រ ទទឹងក្រាលកៅស៊ូពីរជាន់ប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលថ្មមិចម្ខាងៗ ០,៥ម៉ែត្រ មានសំណង់សិល្បការ្យមួយចំនួន ចាប់ពីភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ទៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ផ្លូវនេះ មានរយៈពេលសាងសង់ចំនួន ១៨ខែ ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្រេចលទ្ធផលបាន ៦៣,៤០% ស្ថិតក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទជំហាន៣ ដែលគម្រោងនេះគាំទ្រថវិកាដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ក្នុងឱកាសពិនិត្យការដ្ឋានផ្លូវទាំង ២ខ្សែនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្ត ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង។

ក្រោយពីចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវរួច ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យស្ថានភាពភូមិស្វាយអាណាត ដែលគ្រោងដាក់ជាភូមិគំរូនាពេលខាងមុខ ព្រមទាំងបានជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន គណកម្មាធិការអភិវឌ្ឍន៍ភូមិ ស្ថិតក្នុងឃុំញរ ស្រុកកំពង់រោទិ៍ ដែលមានការចូលរួមពីលោកអភិបាលរង នៃគណៈអភិបាលស្រុកកំពង់រោទិ៍ លោកមេឃុំ និងក្រុមប្រឹក្សាឃុំជាច្រើនរូប។ សូមជម្រាបថា ឃុំញរ មានភូមិសរុបចំនួន ៦ភូមិ រួមមាន ភូមិរោទិ៍ ភូមិត្រពាំងត្រាវ ភូមិព្រៃត្រុំ ភូមិញរ ភូមិស្វាយអាណាត និងភូមិត្រពាំងឆ្លូវ ដែលមានគ្រួសារសរុបចំបួន ២ ១៧៤គ្រួសារ ហើយភូមិស្វាយអាណាត ជាភូមិដែលត្រូវបានវាយតម្លៃគុណសម្បតិ្តដាក់ជាភូមិគំរូនាពេលខាងមុខ៕

អត្ថបទពាក់ព័ន្ធ