fbpx

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយគណៈប្រតិភូក្រសួងអញ្ជើញពិនិត្យការដ្ឋានស្ថាបនាផ្លូវជនបទចំនួន ១ខ្សែ ដែលកំពុងស្ថាបនាដោយក្រាលកៅស៊ូពីរជាន់ (DBST)

អត្ថបទដោយ រាជ មេសា
87 views

ខេត្តត្បូងឃ្មុំ៖ នាថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយគណៈប្រតិភូក្រសួងអញ្ជើញពិនិត្យការដ្ឋានស្ថាបនាផ្លូវជនបទចំនួន ១ខ្សែ ដែលកំពុងស្ថាបនាដោយក្រាលកៅស៊ូពីរជាន់ (DBST) និងមានផ្នែកខ្លះក្រាលបេតុងសរសៃដែកមានប្រវែងសរុប ២០,៦០គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិប្រស្រែលើ សង្កាត់វិហារលួង ទៅដល់ភូមិត្រពាំងឬស្សី ឃុំ រកាពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ផ្លូវនេះ បានបើកការដ្ឋាននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ គិតដល់ពេលនេះសម្រេចលទ្ធផលបាន ១០% ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។

បន្ទាប់ពីបានពិនិត្យការដ្ឋានផ្លូវរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន និងគណៈប្រតិភូ បានអញ្ជើញទៅសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយសហគមន៍កសិកម្មចំនួន ២កន្លែង គឺ សហគមន៍កសិកម្មក្ដីសង្ឃឹមកសិករ ស្ថិតនៅភូមិបីម៉ែត្រ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ និងសហគមន៍កសិកម្មតំបែររុងរឿង ស្ថិតក្នុងភូមិត្រពាំងឫស្សី ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ឯកឧត្ដមរដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី ប្រទេសជាតិបាន និងកំពុងមានការអភិវឌ្ឍស្ទើរគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅ កាន់តែប្រសើរឡើងជាលំដាប់។ សមិទ្ធផលទាំងនេះកើតចេញពីកត្តាសុខសន្តិភាពដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកនៃសន្តិភាព និងបច្ចុប្បន្នត្រូវបានបន្តវេនដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីសម្រេចបាននៅចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាមួយគ្នានោះដែរឯកឧត្តមរដ្ឋមន្ត្រីបន្តលើកឡើងបន្ថែមទៀតថា ពេលនេះកម្ពុជាកំពុងរងចាំទទួលសមិទ្ធិផលថ្មីដ៏ធំមួយទៀតជាប្រវត្តិសាស្ត្រ គឺការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានសំណូមដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ចូលរួមសាទរជានិងសមិទ្ធិផលដ៏អស្ចារ្យមិនធ្លាប់មានកន្លងមក តាមរយៈការទូងស្គរ វាយប៉ោត ឬចាក់ឧបករណ៍បំពងសំលេងគ្រប់ប្រភេទ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ឲ្យមានភាពអធិកអធម៕

អត្ថបទពាក់ព័ន្ធ