fbpx

យល់ដឹងពីភាពចាំបាច់នៃទីក្រុងឆ្លាត (Smart City) ដែលត្រូវបង្កើតឡើង

អត្ថបទដោយ ពិទូ
268 views

ជាញឹកញាប់គេតែងបានឮសេចក្ដីប្រកាសរបស់ថ្នាក់ដឹកនាំប្រទេសពីគោលបំណងក្នុងការបង្កើតទីក្រុងឆ្លាត (Smart City)ដែលក្រៅពីរាជធានីភ្នំពេញ នៅមានក្រុងសៀមរាប ក្រុងព្រះសីហនុ ក្រុងបាត់ដំបង និងក្រុងនៅតាមបណ្តាខេត្តសក្ដានុពលមួយចំនួនទៀត។ ដឹងទេថា ហេតុអ្វីចាំបាច់បង្កើតឱ្យមានទីក្រុងឆ្លាត ហើយថាតើទីក្រុងឆ្លាតមានទ្រង់ទ្រាយយ៉ាងដូចម្ដេច?

១)អ្វីទៅជា «ទីក្រុងឆ្លាត» (Smart City)?

ជាទូទៅ «ទីក្រុងឆ្លាត» សំដៅដល់ទីក្រុងដែលប្រើប្រាស់បច្ចេកវិទ្យាជាជំនួយសម្រាប់ការដោះស្រាយបញ្ហា នានាដែល កើតមាន នៅក្នុងទីក្រុង ដើម្បីពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការ លើកកម្ពស់គុណភាពសវាសាធារណៈ ធ្វើឱ្យគុណភាពជីវិត និងសុខុមាលភាព ប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងធានានិរន្តរភាពនៃការអភិវឌ្ឍ។

ទីក្រុងឆ្លាត មានសមត្ថភាពក្នុងការគ្រប់គ្រងហានិភ័យសង្គមនានា ដោយប្រើប្រាស់បច្ចេកវិទ្យា និងប្រព័ន្ធវៃឆ្លាត។ គោលគំនិតរបស់ «ទីក្រុងឆ្លាត» តាមប្រទេសនីមួយៗនៅលើពិភពលោក ត្រូវបានឱ្យនិយមន័យ និងមានការបកស្រាយផ្សេងៗគ្នាស្របតាមបរិបទនៃប្រទេស។

២) ហេតុអ្វីចាំបាច់ត្រូវអភិវឌ្ឍន៍«ទីក្រុងឆ្លាត»?

ប្រជាជននៅលើពិភពលោកច្រើនជាងពាក់កណ្តាល(ប្រមាណ៥៦ភាគរយ)កំពុងរស់នៅតាមបណ្តាទីក្រុងនានា ហើយចំនួននេះនឹងបន្តកើនឡើងជាលំដាប់រហូតដល់ប្រមាណ ៦៦ភាគរយនៅត្រឹមឆ្នាំ២០៥០ ជាមួយសន្ទុះនៃនគរូបនីយកម្មដែលកើនឡើងឥតឈប់ឈរ។ ការណ៍នេះបានបង្កជាសម្ពាធលើធនធាន ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន និរន្តរភាពសង្គម និងសេដ្ឋកិច្ចនៅក្នុងទីក្រុង ខណៈដែលតម្រូវការមានកើនឡើងជាបន្តបន្ទាប់។ ក្នុងន័យនេះ ចាំបាច់ទាមទារឱ្យមានការគិតគូររកដំណោះស្រាយ សម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព និងភាពប្រកួតប្រជែង ហើយ ត្រង់ចំណុចនេះទស្សនទាននៃការកសាង «ទីក្រុងឆ្លាត» នឹងអនុញ្ញាតឱ្យរដ្ឋាភិបាល អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ រួមគ្នាដាក់ចេញនូវគំនិតផ្តួចផ្តើម ដោយប្រើប្រាស់បច្ចេកវិទ្យាជាជំនួយសម្រាប់គ្រប់គ្រងធនធាន និងដោះស្រាយបញ្ហានានានៅទីក្រុង។

៣) តើសសរស្តម្ភ «ទីក្រុងឆ្លាត» មានអ្វីខ្លះ?

ខាងក្រោមនេះគឺជាសសរស្តម្ភសំខាន់ៗទាំង ៦ សម្រាប់ការអភិវឌ្ឍ «ទីក្រុងឆ្លាត» រួមមានដូចជា ៖

ទី១, អភិបាលកិច្ចឆ្លាត ៖ ប្រើប្រាស់បច្ចេកវិទ្យា និងភាពច្នៃប្រឌិត ក្នុងការដឹកនាំ ដើម្បីធានានូវប្រសិទ្ធភាព ភាពច្នៃប្រឌិត និងតម្លាភាព ក្នុងគោលបំណងសម្រួលដល់ដំណើរការនៃការអភិវឌ្ឍទីក្រុង តាមរយៈការពង្រឹង ការផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋជាមួយនឹងប្រជាពលរដ្ឋ។

ទី២, សេដ្ឋកិច្ចឆ្លាត ៖ ជាមូលដ្ឋានដ៏សំខាន់នៃការអភិវឌ្ឍទីក្រុងឆ្លាត ដោយប្រកាន់ខ្ជាប់នូវភាពច្នៃប្រឌិត គំនិតផ្តួចផ្តើមថ្មីរបស់សហគ្រិន ការបង្កើនផលិតភាព និងការប្រកួតប្រជែង ជាមួយគោលដៅរួមក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសសម្រាប់ការធ្វើអាជីវកម្ម ព្រមទាំងធ្វើឱ្យសេដ្ឋកិច្ច រីកលូតលាស់ប្រកបដោយនិរន្តរភាព។

ទី៣, បរិស្ថានឆ្លាត ៖ សំដៅដល់ការប្រើប្រាស់ឧបករណ៍ឆ្លាតនានា សម្រាប់ការគ្រប់គ្រង និងអភិរក្សបរិស្ថាននៅក្នុងទីក្រុង ដើម្បីធានាបាននូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ គោលដៅសំខាន់ៗមួយចំនួននៃគំនិតផ្តួចផ្តើមរបស់ “បរិស្ថានឆ្លាត” មានដូចជា ការកាត់បន្ថយការបញ្ចេញសំណល់ ការត្រួតពិនិត្យការបំពុលបរិស្ថាន ការកាត់បន្ថយការបញ្ចេញឧស្ម័នពុល ការគ្រប់គ្រងទឹក ប្រព័ន្ធភ្លើងបំភ្លឺផ្លូវវៃឆ្លាត ការសម្រេចបាននូវ ប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល និងការពន្លឿនការផ្លាស់ប្ដូរទៅរកថាមពលកកើតឡើងវិញនៅក្នុងទីក្រុងជាដើម។

ទី៤, ការរស់នៅឆ្លាត ៖ សំដៅដល់ការរស់នៅដែលមានការប្រើប្រាស់នូវបច្ចេកវិទ្យា ដូចជា ប្រព័ន្ធអ៊ីនធឺណិតនៃវត្ថុ (Internet of Things) និងបច្ចេកវិទ្យាឌីជីថលផ្សេងៗ ក្នុងការពង្រឹង និងលើកកម្ពស់នូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ការរស់នៅក្នុងផ្ទះឆ្លាត (Smart Home) ជាឧទាហរណ៍មួយនៃការរស់នៅឆ្លាត។ ផ្ទះឆ្លាត អនុញ្ញាត ឱ្យម្ចាស់ផ្ទះធ្វើការបញ្ជាឧបករណ៍អេឡិចត្រូនិកផ្សេងៗបានតាមរយៈទូរស័ព្ទដៃពីចម្ងាយ ហើយម៉្យាងទៀត ការបំពាក់កាមេរ៉ាសុវត្ថិភាពអាចជួយបង្កើនសុវត្ថិភាពដល់អ្នក។ ដូច្នេះ ផ្ទះឆ្លាតអាចជួយឱ្យជីវិតអ្នកកាន់តែមានភាពងាយស្រួល សន្សំសំចៃថវិកា ចំណេញពេលវេលា សន្សំសំចៃភ្លើង និងបង្កើនសុវត្ថិភាព។

ទី៥, ការធ្វើបម្លាស់ទីឆ្លាត ៖ ផ្ដោតសំខាន់ទៅលើការកើនឡើងនូវប្រសិទ្ធភាព និងគុណភាព សេវាកម្មនៃការដឹកជញ្ជូន និងការធ្វើដំណើរនៅក្នុងទីក្រុង ដោយរួមបញ្ចូលទាំងសេវាដឹកជញ្ជូនសាធារណៈ និងឯកជន ព្រមទាំងការទទួលយកទម្រង់ថ្មីនៃការធ្វើដំណើរ (រថយន្តអគ្គិសនី រថយន្តប្រើអីដ្រូសែន ជាដើម) ដែលឆ្លើយតបទៅនឹងយុទ្ធសាស្ត ក្នុងការលើកកម្ពស់ “ការធ្វើបម្លាស់ទីឆ្លាត”។ ជាមួយគ្នានេះផងដែរ ក៏មានការ ប្រើប្រាស់បច្ចេកវិទ្យាថ្មីជាជំនួយដល់ភ្លើងសញ្ញាចរាចរណ៍ ដើម្បីឱ្យប្រតិបត្តិការកាន់តែឆ្លាតវៃ ដោយអាចផ្លាស់ប្ដូរតាមភាពជាក់ស្តែងនៃរំហូរចរាចរណ៍តែម្តង ដែលអាចជួយកាត់បន្ថយការកកស្ទះចរាចរណ៍។

អត្ថបទពាក់ព័ន្ធ