fbpx

យុទ្ធនាការដាំកូនឈើ ១ម៉ឺន៥ពាន់ដើម នៅខេត្តឧត្តរមានជ័យ ជួយបង្កើនកម្របព្រៃបន្ថែមនៅកម្ពុជា

អត្ថបទដោយ រាជ មេសា
90 views

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមដាំកូនឈើចំនួន១ ៥០០០ ដើម នៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន នៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ជាមួយប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន រដ្ឋបាលខេត្តឧត្តរមានជ័យ ដឺកនាំដោយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ មន្រ្តីនៃមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជន សិស្ស និស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើននាក់ នៅព្រហស្បត្តិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤។ យុទ្ធនាការនេះ បានបង្ហាញពីគោលបំណងក្នុងស្មារតីបណ្តុះគំនិត «ពន្លកបៃតង» ឱ្យមានការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ដែលមានតម្លៃសម្រាប់សង្គម បរិស្ថាន និងជីវភាពសហគមន៍សម្រាប់អនាគតកូនចៅជំនាន់ក្រោយ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា យុទ្ធនាការដាំដើមឈើ ដើម្បីបង្ហាញ សកម្មភាពដាំកូនឈើនាពេលនេះ គឺជាការចូលរួមចំណែកក្នុងការការពារ ថែរក្សា បរិស្ថានល្អបរិសុទ្ធ សម្រាប់ជីវិតមនុស្ស សត្វ ជីវៈចម្រុះ ជាពិសេសការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នាពេលអនាគត ដែលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្រ្តីឧទ្យានុរក្សា និងប្រជាពលរដ្ឋទាំងអស់ ដែលតែងតែជំរុញ គាំទ្រ និងយកចិត្តទុកដាក់លើការងារអភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ និងបន្តសហការជាមួយក្រសួងបរិស្ថាន បន្ថែមទៀតលើការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ ឱ្យទទួលបានលទ្ធផលល្អប្រសើរ សម្រាប់ជាមរតទៅអនាគត។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងបន្ថែមថា ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិទាំងអស់ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិ ចាំបាច់ណាស់ រាជរដ្ឋាភិបាលគឺពង្រឹងការអនុវត្តច្បាប់១០០%ចំពោះ អ្នកប្រព្រឹត្តបទល្មើស ធនធានធម្មជាតិ និងការសហការចូលរួមពីភាគីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងសហគមន៍ប្រជាបលរដ្ឋ។ កន្លងមករាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយនិងយុទ្ធសាស្រ្តជាតិ ក្រោមក្របខណ្ឌយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ហើយក្នុងនោះបានដាក់ចេញ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ដែលផ្តោតលើសសរស្តម៣ សំខាន់ គឺស្អាត បៃតង និងចីរភាព។ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន រៀបចំឡើង ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ក្នុងការធានាឱ្យបាននូវចីរភាពបរិស្ថាន និងពង្រឹងកិច្ចគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់សេដ្ឋកិច្ចនិងជីវភាពសហគមន៍ ដោយជំរុញសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណគឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។

ក្នុងពិធីដាំកូនឈើនេះដែរ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងគាំទ្រនិងសហការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាពិសេសយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីមូលដ្ឋានស្អាត សង្គមស្អាត កម្ពុជាស្អាត និងការពង្រឹងការចូលរួមបង្កើនគម្របបៃតង នៅពេលអនាគត ដើម្បីសហគមន៍មានភាពបៃតង និងកូនចៅជំនាន់ក្រោយស្គាល់ពីតម្លៃនៃធនធានធម្មជាតិទាំងនេះ៕

អត្ថបទពាក់ព័ន្ធ